កាលបរិច្ឆេទ: ០៣ មិថុនា ២០២១ / សុខភាព
ថ្នាក់ដឹកនាំអង្គការ Helen Keller International ប្រចាំនៅកម្ពុជាទាំងអស់បានជួបប្រជុំតាមប្រព័ន្ធវីដេអូកាលពីខែឧសភាជាមួយនឹងថ្នាក់ដឹកនាំរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីសមត្ថភាព និងលក្ខខណ្ឌនៃការផលិតរបស់សហគ្រាសយើង។ ក្នុងពេលកំពុងស្វែងរកដៃគូសហការផ្នែកឧស្សាហកម្មផលិតថ្នាំវីតាមីនចម្រុះ អង្គការបានទាក់ទងមកសហគ្រាសរបស់យើងតាមការណែនាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅកម្ពុជាដែលបានសម្របសម្រួលឲ្យមានការរៀបចំជំនួបនេះឡើង។
បច្ចុប្បន្នអង្គការ Helen Keller International ផ្គត់ផ្គង់ថ្នាំជាតិដែកដោយឥតគិតថ្លៃទៅដល់ស្រ្តីដែលមានផ្ទៃពោះតាមរយៈក្រសួងសុខាភិបាល ប៉ុន្តែដោយមានការណែនាំពីអង្គការសុខភាពពិភពលោក ថ្នាំជាតិដែកនឹងត្រូវជំនួសវិញដោយថ្នាំវីតាមីនចម្រុះ។ នៅក្នុងផលិតផលថ្មីនេះ គឺចាំបាច់ត្រូវមានសារជាតិវីតាមីនយ៉ាងហោចណាស់១០មុខ ហើយសហគ្រាសផលិតឱសថប៉េប៉េអឹមមានជំនាញផ្នែកនេះស្រាប់ ព្រោះថាសហគ្រាសយើងផលិតថ្នាំប៉ូលីវីតដែលមានវីតាមីន១១មុខ។
ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំអង្គការ Helen Keller International ផ្តោតការចាប់អារម្មណ៍ទៅលើលក្ខណៈស្តង់ដារផ្នែកគុណភាពរបស់ផលិតផលយើង លើសមត្ថភាពនៃការផលិត និងសង្វាក់ផ្គត់ផ្គង់ ព្រមទាំងនីតិវិធីរបស់យើងទាក់ទិននឹងពន្ធនាំចូលវត្ថុធាតុដើម។ ប្រាកដណាស់ដែលថាធាតុផ្សំរបស់ផលិតផលថ្មីដែលយើងកំពុងសិក្សាសំដៅការពារស្រ្តីមានផ្ទៃពោះពីជំងឺខ្វះគ្រាប់ឈាមក្រហម ត្រូវតែឆ្លើយតបទៅនឹងសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសប៉េប៉េអឹមមានប្រសាសន៍សម្តែងក្តីសោមន្សថា៖ «យើងរីករាយនឹងជជែកពិភាក្សាពីបញ្ហានេះជាមួយអង្គការ Helen Keller International ដែលជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេនៅកម្ពុជា និងនៅលើសកលលោក។ នៅមន្ទីរពិសោធន៍ប៉េប៉េអឹម យើងត្រៀមខ្លួនជានិច្ចក្នុងការប្រើប្រាស់បទពិសោធន៍ផ្នែកផលិតឱសថប្រកបដោយគុណភាពរបស់យើងដើម្បីឆ្លើបតបទៅនឹងគំនិតផ្តួចផ្តើមទាំងឡាយណាដែលចូលរួមចំណែកលើកស្ទួយសុខភាពជនរួមជាតិយើងដែលមានជីវភាពខ្វះខាត»។ ការប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងជំងឺខ្វះគ្រាប់ឈាមក្រហមដែលកើតឡើងលើគ្រួសារក្រីក្រត្រូវបានចាត់ចូលជាសកម្មភាពជាអាទិភាពនៅក្នុងទំនួលខុសត្រូវសង្គមរបស់សហគ្រាសយើង។ ឧទាហរណ៍ជាក់ស្តែង សហគ្រាសបានគាំទ្រគម្រោង Danone Communities របស់ក្រុមហ៊ុន Danone ដោយសហការជាមួយអង្គការទឹកស្អាត១០០១ ដើម្បីធ្វើការចែកចាយបបររុងរឿងក្នុងតម្លៃទាបបំផុត។
មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៥ មក អង្គការ Helen Keller International ធ្វើការទៅលើវិស័យសំខាន់ពីរគឺ ផ្នែកសុខភាពភ្នែក និងផ្នែកអាហារូបត្ថម្ភ។ ទាក់ទិននឹងផ្នែកសុខភាពភ្នែក កម្មវិធីផ្តោតទៅលើមូលហេតុសំខាន់ៗដែលបណ្តាលឲ្យមានជំងឺខ្វាក់ភ្នែកនៅលើសកលលោក និងផ្តល់ជំនួយទៅដល់អ្នកពិកាភ្នែក និងអ្នកដែលមើលមិនសូវឃើញច្បាស់។ ចំណែកឯនៅក្នុងកម្មវិធីអាហារូបត្ថម្ភវិញ គឺមានដូចជាការផ្គត់ផ្គង់ថ្នាំវីតាមីនអា ថ្នាំជាតិដែក និងជាតិអាស៊ីតហ្វូឡិក ថ្នាំវីតាមីនចម្រុះ ការពង្រីកជីវជាតិអាហារប្រចាំថ្ងៃ ការបរិភោគអាហារច្រើនប្រភេទ ការបង្កើតឲ្យមានសួនបន្លែរួមនៅក្នុងសហគមន៍ជាដើម។ ជារៀងរាល់ឆ្នាំ កម្មវិធីរបស់អង្គការ Helen Keller International ដែលបង្កើតឡើងនៅតាមបណ្តាប្រទេសជាង២០នៅលើសកលលោក ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរាប់លាននាក់៕